អ៊ិនធឺណែត គឺ​ជា​កន្លែង​ដែល​អាច​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​ដែល​យើង​ចង់​បាន។ ប៉ុន្តែ​ត្រូវ​ចាំថា មាន​មនុស្ស​ជា​ច្រើន​ប្រើប្រាស់​អ៊ីនធឺណែត​ចុះឡើងៗ ហើយ​អាច​យក​​ព័ត៌មាន​របស់​អ្នក​បាន ជា​ពិសេសព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ 
 
 
អ្នក​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​អ្វី​ដែល​អ្នក​បាន​ដាក់​ លើអ៊ិនធឺណែត។ នៅ​ក្នុង​បណ្តាញ​សង្គមដូច​ជា៖ ហ្វេសប៊ុក និង Twitter សុទ្ធ​តែ​ជាវ៉ិបសាយ​ត្រូវ​ប្រើ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ ហើយ​ពួក​វា​ក៏ជា​កន្លែង​អាច​ឲ្យ​អ្នក​ចែក​រំលែក​រូបភាព, គំនិត និង​យោបល់។

នៅ​ក្នុងករណី​ខ្លះ ការ​ចែករំលែក​ព័ត៌មាន​អាច​ធ្វើ​ឲ្យ​អ្នក​ជួប​នឹង​គ្រោះ​ថ្នាក់។ អ្នក​គួរតែ​យល់​ពី​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរលាតត្រដាង​នៅ​ លើអ៊ិនធឺ​ណែត។ មាន​ករណី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​បាត់​បង់​ការ​ងារ ដោយសារតែ​​ពួក​គេ​បាន​បង្ហោះ​រូប​ដើរលេង​សប្បាយ​ប៉ោឡែ​ជា​ដើម។  ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​ប្រើប្រាស់​បច្ចេក​វិទ្យា និង​រីករាយ​ជាមួយ​សង្គម​មួយ​នេះ។

ថ្វីត្បិត​តែ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​ត្រូវការ​អ៊ីន​ធើណែត​ចាំ​ បាច់​បំផុត​ ដើម្បី​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា ប៉ុន្តែអ្នក​ត្រូវ​ការ​ដឹង​ថា មាន​រឿងជា​ច្រើន​ដែល​មិន​គួរ​លាតត្រដាង​នៅ​លើ​អ៊ិនធឺណែត។

ការសន្ទនា​ពីរឿង​ផ្ទាល់​ខ្លួន
ត្រូវ​ប្រាកដថា ការ​សន្ទនា​ពីរឿង​ផ្ទាល់​ខ្លួន​ជា​មួយ​អ្នកណាៗ ត្រូវ​រក្សា​ជាលក្ខណៈ​ឯកជន។ ហើយ​រឿង​ដែល​សំខាន់​ដូច​គ្នា គឺការ​សន្ទនា​គ្នា​តាម​រយៈ​ការ​ប្រើអ៊ីម៉ែល។ ពេញចិត្ត​នឹង​ការ​ជជែក​គ្នា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្សេងៗ​ទៀត តែ​ត្រូវ​ប្រាកដ​ថា មិនបាន​ចែក​រំលែក​ព័ត៌មាន​ទាំង​អស់​នោះ។

គេហទំព័រ​ផ្សាភ្ជាប់​ទំនាក់ទំនង
ព្យាយាម​គេច​ចេញ​ពីរឿង​នេះ ដើម្បី​ធានាសុវត្ថិភាព​លើអ៊ីនធឺ​ណែត។ ត្រូវ​ប្រុង​ប្រយ័ត្នជា​មួយ​នឹង​មិត្តភក្តិ​របស់​អ្នក ហើយ​ត្រូវ​គិត​ទ្វេដង​មុន​នឹង​សម្រេចចិត្ត​បង្ហោះ​រូប​អ្នក​នៅ​លើ​បណ្តាញ​ សង្គម ឬអ៊ិនធឺណែត។ រឿង​ប្រភេទ​ទាំង​អស់​នេះអាច​ធ្វើ​ឲ្យ​អ្នក​ជួប​នឹង​បញ្ហា​គ្រប់​ពេល។

ព័ត៌មាន​ក្រុមហ៊ុន
នេះជា​រឿង​មួយ​ដែល​អ្នក​មិន​គួរលាតត្រដាង​នៅ​លើអ៊ីនធឺណែត។ ការងារ និង​ជីវិត​ផ្ទាល់​ខ្លួន​គួរ​តែ​ជារឿង ២​ផ្សេង​គ្នា​ទាំង​ស្រុង។ គ្មាន​ភាព​ចាំបាច់​អ្វីត្រូវ​បង្ហោះ​រូបការ​ប្រជុំ ឬ​ព័ត៌មាន​ផ្សេង​ពីការិយាល័យ​របស់​អ្នក​ទៅ​លើបណ្តាញ​សង្គម​ឡើយ។

រូបភាពកូនៗ
ការ​បង្ហោះ​រូបស្វាមីភរិយា និង​កូនៗ​ពិត​ជា​ប្រសើរ ដើម្បី​ចែក​រំលែក​ជា​មួយ​នឹង​ក្រុមមិត្តភក្តិ ព្រម​ទាំង​សាច់ញាតិ។ ប៉ុន្តែ​អ្នក​គួរ​ចង​ចាំ​ក្នុងចិត្ត​ថា នៅ​ពេល​អ្នក​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​មើល​ឃើញ​រូប​ភាព​នេះ អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ខ្លួន​អ្នក និង​កូនៗ​របស់​អ្នក​បាន។ អ្នក​មិន​គួរ​បង្ហាញ​សេចក្តី​លម្អិត​ពីគ្រួសារ​របស់​អ្នក​លើអ៊ីនធឺណែត​ឡើយ។

អាស័យដ្ឋាន និង​លេខទូរស័ព្ទ
នេះ​ជា​ភាព​គ្រោះថ្នាក់​យ៉ាង​ពិត​ប្រាកដ។ នៅ​ពេល​អ្នក​ផ្តល់ព័ត៌មាន​ទាំង​នេះ បាន​ន័យថា អ្នក​ក៏​បាន​ផ្តល់ឱកាស​ដល់​ចោរប្លន់ និង​ចោរ​លួច​ផង​ដែរ។ កុំ​ឆ្កួត​នឹង​ការ​លាតត្រដាង​ព័ត៌មាន​ផ្ទាល់ខ្លួន​ឲ្យ​គេបាន​ឃើញ។ ការ​ផ្តល់​ព័ត៌មាន​បែបនេះ​ក៏​អាច​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​ជួប​ នឹងហានិភ័យ​ផង​ដែរ។

ព័ត៌មាន​ហិរញ្ញវត្ថុផ្ទាល់​ខ្លួន
ជួន​កាល​គ្រាន់តែ Comment នៅ​លើ Wall របស់​អ្នក​ក៏​អាចបណ្តាល​ឲ្យ​មាន​បញ្ហា​ច្រើន​ដែរ។ ព័ត៌មាន​លម្អិត​ពីធនាគារ ឬរូបិយប័ណ្ណ​មិន​គួរ​ជា​បញ្ហា​ដល់​ការ​ពិភាក្សា​ជា​សាធារណៈ​ឡើយ។ អ្នក​មិន​គួរ​លាតត្រដាង​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​លើអ៊ិនធឺណែត​ទេ៕

ដោយ៖ ដារ៉ា
 
ប្រភពៈមង្គលការ

Ads

 
Top