ថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០០:១៩
រាជធានីភ្នំពេញ៖បុរសម្នាក់ក្នុងសំលៀកបំពាក់យោធាបានស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ៣ យ៉ាងអណោចអធម្ម ដោយត្រូវរថយន្តហ៊ីយ៉ាន់ដាយបុក រួចកិនពីលើកាលវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថាបុរសរងគ្រោះបានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបុរសរងគ្រោះជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BT-៦៤៤៥ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ។ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកដី បើកបរដោយបុរសម្នាក់ បើកបញ្ច្រាសទិសគ្នាបុក រួចកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង រួចយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យផ្លូវគោក ។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕