ការ​ចេះ​តុប​តែរូប​រាង​ខាង​ក្រៅ​នឹង​ជួយ​ឲ្យ​អ្នក​​ក្មេង​ជាង​វ័យ​ និង​មាន​ភាព​ស្រស់​ស្អាត​ ប្រសិន​បើ​អ្នក​អនុវត្តន៏​បែប​បទ​ខាង​ក្រោម។ សក់​របស់​អ្នក គឺ​ជា​អាវុធ​ជួយ​បិត​បាំង​ស្លាក​ស្នាម​លើ​ផ្ទៃ​មុខ ហើយ​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​មាន​រាង​ពង​ក្រពើ, ជួយ​លើក​ថ្ងាស​ឲ្យ​ខ្ពស់, លាក់​បាំង​ភាព​ជ្រីវ​ជ្រួញ​នៅ​ចុង​កន្ទុយ​ភ្នែក… មិន​ថា​អ្នក​មានសក់​វែង ឬ​សក់​ខ្លី ត្រង់ ឬ​រួញ​ឡើយ អ្នក​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៏​តាម​ការ​ណែនាំ​ធ្វើ​ម៉ូដ​សក់ ដើម្បី​ជួយ​ឲ្យ​រូប​រាង​អ្នក​មើល​ទៅ​នៅ​វ័យ​ក្មេង៖
 

កាត់​សក់​ច្រើន​តង់
អ្នក​ធ្វើ​ម៉ូដ​សក់ Boston បាន​និយាយ​ថា៖ ម៉ូដ​សក់​ច្រើន​តង់​តែង​តែ​សក្តិសម​ចំពោះ​មនុស្ស​ស្រី​ភាគ​ច្រើន ជួយ​ឲ្យ​សក់​ទន់​ល្មើយ, រូប​រាង​ទាន់​សម័យ។ ការ​បួង​សក់​ឡើង​លើ ហើយ​ទម្លាក់​សក់​ចុះ​បន្តិច​គ្រប​ពី​លើ​ថ្ពាល់​រហូត​ដល់​ចង្ការ​អាច​ជួយ​ឲ្យ​សក់​អ្នក​ស្រស់​ស្អាត​តាម​បែប​ធម្ម​ជាតិ និង​ជួយ​បិត​បាំង​ស្លាក​ស្នាម​លើ​ផ្ទៃ​មុខ​ទាំង​សង​ខាង។ នេះ​ជា​វិធី​សាស្ត្រ​ប្រសើរ​បំផុត​ជួយ​ឲ្យ​សក់​អ្នក​ក្រាស់ មាន​ទម្ងន់។

កុំភ្លេច​ទុក​សក់​សេះ
សក់​សេះ​ធ្វើ​ឲ្យ​អ្នក​មាន​ផ្ទៃ​មុខ​ក្មេង​ជាង​វ័យ ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​លើក​ថ្ងាស​ឲ្យ​បាន​ខ្ពស់ ជួយ​លាក់​បាំង​ភាព​ស្នាម​ជ្រីវ​ជ្រួញ ឬ​មុន​ថែម​ទៀត។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ សក់​សេះ​មិន​សក្តិសម​ចំពោះ​មនុស្ស​ស្រី​គ្រប់​គ្នា​ឡើយ អ្នក​អាច​ទៅ​ជួប​នឹង​អ្នក​ជំនាញ ដើម្បី​សុំ​ការ​ណែនាំ​កាត់​សក់​ឲ្យ​សក្តិសម នឹង​ទម្រង់​មុខ​របស់​អ្នក។

កុំធ្វើ​ម៉ូដ​សក់​ខ្លាំង​ពេក
សក់​ខូច សរសៃ​សក់​បែក​ចុង​នឹង​ធ្វើ​ឲ្យ​រូប​រាង​របស់​អ្នក​ចុះអន់​ខ្សោយ ហើយ​ចាស់។ ដើម្បី​ចៀស​វាង​ស្ថានភាព​បែប​នេះ អ្នក​គួរ​តែ​ប្រើសារ​ធាតុ​ចិញ្ចឹម​សក់​ដូចជា៖ ប្រេង​ដូង, ប្រេង​អូលីវ, ទឹក​ដោះ​គោ​ជូរ…ព្រោះ​របស់​ទាំង​អស់​នេះ​នឹង​ជួយ​បង្កើន​សំណើម​ដល់​សក់, ជួយ​ព្យាបាល​សក់​ខូច​បា​ន​យ៉ាង​រហ័ស។ ត្រូវ​ចង​ចាំ​ថា មិន​ត្រូវ​ប្រើ​ឡាម​ដើម្បី​កាត់​សក់​ឡើយ ព្រោះ​បណ្តាល​ឲ្យ​សក់​បែក​ចុង។

លាបថ្នាំសក់
សក់​ពណ៌ធម្មជាតិ​របស់​អ្នក​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ ប៉ុន្តែ​ការ​អនុវត្តន៏​តាម​បច្ចេក​វិទ្យា​នឹង​អាច​ជួយ​ឲ្យ​ស្តាយ៏ម៉ូដសក់​របស់​អ្នក​កាន់​តែ​ទាន់​សម័យ ជួយ​ឲ្យ​មុខ​ស្អាត ភ្លឺរ​លោង។ បច្ចុប្បន្ននេះ​មនុស្ស​ស្រី​ចូល​ចិត្ត​លាប​ថ្នាំសក់​ពណ៌​មង្ឃុត, ពណ៌​ទង់​ដែង, ពណ៌​ក្រហម។ ហើយ​អ្នក​ក៏​អាច​អាន​ការ​ណែនាំ​ខាង​ក្រោម ដើម្បី​ជ្រើស​រើស​ប្រភេទ​ថ្នាំ​លាប​សក់​ដែល​សក្តិសម៖
ស្បែកស: មនុស្ស​ស្រី​មាន​ស្បែក​ស គួរ​លាប​ថ្នាំ​សក់​ពណ៌​មង្ឃុត, ពណ៌​ទង់​ដែង, ក្រហម, ស្វាយ​ ព្រោះ​វាធ្វើ​ឲ្យ​មើល​ទៅ​មា​នភាប​ក្មេង​ជាង​វ័យ។ តែ​ត្រូវចៀស​វាង​លាប​ថ្នាំ​សក់​ពណ៌​ស្កូវ ព្រោះ​វាធ្វើ​ស្បែក​អ្នក​មើល​ទៅកាន់​តែ​ស្លេក​ស្លាំង។
ស្បែក​ពណ៌​មាស: លាប​ថ្នាំ​សក់​ទង់​ដែង, ស្វាយ និង​ពណ៌​ត្នោត​ពិត​ជាសក្តិសម​នឹង​អ្នក​មាន​ស្បែក​ពណ៌​នេះ។
ស្បែក​ពណ៌​ទឹក​ឃ្មុំ: គួរ​ប្រើ​ថ្នាំសក់​ពណ៌​លឿង, ពណ៌​ត្នោតភ្លឺ, ពណ៌​ទង់​ដែង។ កុំលាប​សក់ពណ៌​ខ្មៅ ព្រោះ​វាកាន់តែ​ធ្វើ​រូបរាង​អ្នក​កាន់​តែ​ខ្មៅ៕

ដោយ៖ ដារ៉ា

Ads

 
Top